គម្រោង វិនិយោគអភិវឌ្ឍស្ថានីយអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យអនុភាព ៦០មេហ្គាវ៉ាត់ នឹងលេចរូបរាងនៅលើទឹកដី ខេត្តកំពង់ឆ្នាំងនាពេលខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តរួចរាល់ហើយ។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា គម្រោងវិនិយោគថ្មី ០១កន្លែងទៀត ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីខែឧសភា ឆ្នាំ២០២៤ នោះគឺគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្រសួងបន្តថា គម្រោងវិនិយោគដែលបានអនុម័ត តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺក្រោមទុនវិនិយោគប្រមាណជាង ៦៥លានដុល្លាអាមេរិច និងអាចបង្កើត ការងារបាន ៣៥កន្លែង ដែលជាគម្រោងវិនិយោគ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។

សូមរម្លឹកដែរថា នៅក្នុងមួយខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។
ស្របជាមួយគ្នានោះ ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
ក្នុងខែឧសភា ឆ្នាំ២០២៤ នេះដែរ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕ អត្ថបទ៖ រង្សី