ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ ពិធីបើកការដ្ឋានសាងសង់នេះ បានធ្វើឡើងក្នុងឱកាសអបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤)។
ពិធីនេះដែលធ្វើឡើងនៅជាប់ព្រំដែនប្រទេសវៀតណាមនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ប្រទេសវៀតណាម មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងយុវជនផងដែរ។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានប្រកាសចាប់ផ្តើមសាងសង់ជាផ្លូវការ គឺស្ថិតនៅនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។សម្តេចធិបតី បានឱ្យដឹងទៀតថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ គឺជាទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រមួយនៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ ក្នុងរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៧ឆ្នាំមុន។
គួរបញ្ជាក់ដែថា គិតមកដល់ពេលនេះ តំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម អ៊ិច១៦ បានសាងសង់សំណង់ជាច្រើនរួមមាន៖ រូបសំណាក់ ព្រះអង្គ គោកធ្លក មហាចេតិយតម្កល់អដ្ឋិធាតុយុទ្ធជនពលីជីវិតពេលតស៊ូរំដោះជាតិ អគារមិត្តភាព សារមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិកា ស្រះទឹក ស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថម្ភាគចក្រ តារាងទីលានបាល់ទាត់ ដាំកូនឈើនិង ផ្កាលម្អ ដាក់ភ្លើងបំភ្លឺផ្លូវ កសាងផ្លូវកៅស៊ូ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។
នេះបើយោងតាមប្រសាសន៍របស់លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទទួលភ្ញៀវ និងស្នាក់នៅ ព្រមទាំងប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភីផ្នែងតែងកំណាព្យ ចម្រៀង និងគូររូបក្រោមប្រធានបទដំណើរតស៊ូរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៧ឆ្នាំមុន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
លោក បានឱ្យដឹងបន្តថា កិច្ចកសាងនៅតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមិនទាន់បញ្ចប់នៅឡើយ ខណៈនៅពេលនេះ បន្តកសាងហេដ្ឋារចនាសម្ព័ន្ធអគារសម្រាប់ទទួលភ្ញៀវ និងការស្នាក់នៅដែលមានតម្លៃជាង ១លានដុល្លារ៕ អត្ថបទ៖ រង្សី