រយៈពេល ៥ខែ នៃឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ១៤,៤១លានដុល្លារ កើនឡើងប្រមាណ ១០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។នេះបើតាមបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ កាលពីពេលថ្មីៗនេះ។
របាយការណ៍កំពង់ផែស្វយ័តភ្នំពេញ ដែលមិនទាន់បានធ្វើសវនកម្ម បានឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានប្រមាណជាង១៤,៤១លានដុល្លារ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ មានការកើនឡើង១០% បើធៀបឆ្នាំ២០២៣ ដែលមានទឹកប្រាក់ ១៣,១១លានដុល្លារ។
ដោយចំណូលក្នុង៥ខែនោះ រួមមានចំណូលពីប្រតិបត្តិការផែ(Port Operation) មានចំនួនជាង ១១,៦៨លានដុល្លារ, ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួនជាង ២,០៩ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) ក្នុងទំហំទឹកប្រាក់ជាង ៦៣៧ ពាន់ដុល្លារ។
របាយការណ៍ដដែល បានបញ្ជាក់ឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានចំណូលបានជាង ៣,១៥លានដុល្លារ ដែលមានការថយចុះចំនួន ០,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានទំហំ ៣,១៦លានដុល្លារ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ប្រមាណ ១ ៧៩២ ៥៤៧តោន កើនឡើងជាង៧%, បរិមាណកុងតឺនឺរឆ្លងកាត់ ១៦០ ០៣៨ TEU កើនឡើងជាង១៤%, បរិមាណនាវាសរុប ១ ២៨០គ្រឿង ថយចុះ ១៩%, បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់ ៣០៣គ្រឿង កើនឡើង ៣៨%, និងចំនួនអ្នកដំណើរឆ្លងកាត់ ១៧ ៩៣៥នាក់ កើនឡើងជាង៦៧%៕