អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការចែករំលែកបច្ចេកទេសជំនាញ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា។នេះបើយោងតាមប្រសាសន៍របស់លោក សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ថ្លែងក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោក សាយអា ម៉ាអ៊ូ ព្យូកាឡា បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗក្នុងការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា ដោយជាក់ស្តែងលោកបានចុះទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកចតុមុខ ដែលលោកបានឃើញអំពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
លោកបានបញ្ជាក់បន្តថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី សង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការកសាងនូវប្រព័ន្ធសុខាភិបាលមួយនៅកម្ពុជា ប្រកបដោយភាពធន់ ដែននឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។
សម្តេចធិបតី បានបន្តទៀតថា រដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការមន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាមផងដែរ។
គួរបញ្ជាក់ដែរថា ដើម្បីពង្រឹងវិស័យសុខាភិបាលកម្ពុជា សម្តេចធិបតី បានអះអាងថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»ថែមទៀត៕ អត្ថបទ៖ រង្សី