ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត បានធ្វើតេស្ត បើកបរសាកល្បង ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ប្រកបដោយជោគជ័យ។

ក្រសួងបន្តថា ទូររថភ្លើងចំនួន៥គ្រឿងដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ ហើយបានធ្វើតេស្ត បើកបរសាកល្បង ពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងល្បឿនចម្លោះពី ៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ទុក។
ការតេស្តបើកបករសាកល្បងលើទូររថភ្លើងទាំង៥គ្រឿងនាពេលនេះដែរ គឺធ្វើឡើង បន្ទាប់ពីទូររថភ្លើងដូចគ្នាចំនួន៤គ្រឿង ផ្សេងទៀត បានធ្វើតេស្ត បើកបរសាកល្បងដោយជោគជ័យ ទាំងលើផ្លូវភាគខាងត្បូង និងភាគខាងជើងកាលពីពេលថ្មីៗនេះផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ក្នុងដំណើរការសាកល្បងនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានយកចិត្តទុកដាក់ ចុះពិនិត្យ តាមដាន ដំណើរការធ្វើតេស្តសាកល្បងនេះ បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។
ជាមួយគ្នាផងដែរ ក្រុមការងារបច្ចេកទេស ក៏បានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ដែរថា ពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែកចែកជាពីរក្នុងនោះរួមមាន៖១-ផ្លូវរថភ្លើងភាគខាងត្បូង រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ អាចរបើកបរបានល្បឿនអតិបរមា ៨០គីឡូម៉ែត្រ/ម៉ោង និង២-ផ្លូវរថភ្លើងភាគខាងជើង រាជធានីភ្នំពេញ-ក្រុងប៉ោយប៉ែត អាចរបើកបរបានល្បឿនចន្លោះពី៣០-៥០គីឡូម៉ែត្រ/ម៉ោង។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងសារធារណការ៕ អត្ថបទ៖ រង្សី