គណៈប្រតិភូចិន បានលើកឡើងថា ខ្លួននឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគចិន ១០០ក្រុមហ៊ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ ២៨កំពុងដំណើរការវិនិយោគ។

នេះបើតាមជំនួបរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត រួមនឹងប្រតិភូចិនផ្សេងទៀតប្រមាណ១១ក្រុមហ៊ុន ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះលោក ជូ ចាងជីន ដែលបានចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅកម្ពុជា គឺ ទី១-តំបន់ សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅឆ្នាំ២០១៨ និងទី២-តំបន់ សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបទទួលបានគោលការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ។

លោក ជូ ចាងជីន បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានការបណ្តាក់ទុនវិនិយោគពេញក្នុងតំបន់ រីឯតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នមានការបណ្តាក់ទុនវិនិយោគ ចំនួន ២៨ក្រុមហ៊ុន ខណៈលោកសន្យាថានឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៤នេះ។
លើសពីនេះ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេល ឆាប់ៗខាងមុខនេះផងដែរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។
លោក ជូ ចាងជីន ក៏បានលើកឡើងពីការអភិវឌ្ឍន៍ឧស្សាហកម្មដែលទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី, ប្រព័ន្ធដីក ជញ្ជូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀតនូវឧស្សាហកម្មគាំទ្រដែលនឹង ជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គត់។
សូមជម្រាបជូនថា ក្នុងខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ២៤គម្រោង ក្នុងទុនជាង ២៤៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ក្នុងនោះ ការវិនិយោគពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី ១ រួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណជិត ៣១% ៕
