ផ្លូវក្រវាត់ក្រុងទី៣ ដែលប្រសិទ្ធនាមជាមហាវិថី ស៊ី ជីនពីង នឹងត្រៀមសម្ពោធដាក់ដំណើរការឆាប់ៗខាងមុខនេះហើយ ខណៈបច្ចុប្បន្នក្រសួង និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យទីតាំងដើម្បីបំពាក់ផ្លាកឈ្មោះជាផ្លូវមហាវិថី ស៊ី ជីនពីងជាផ្លូវការរួចរាល់ហើយ។
នេះបើយោងតាមដំណើរចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវខាងលើ ដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣ ដែលប្រសិទ្ធនាមជាមហាវិថី ស៊ី ជីនពីង គឺឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែង ៤៧,១០គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។
ទោះបីមិនទាន់បានបានបញ្ជាក់ពីថ្ងៃសម្ពោធច្បាស់ក្តី តែក្រសួងសារធារណការ បានចាត់ទុកថា មហាវិថី ស៊ី ជីនពីង ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុងយុគសម័យតេជោសន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលជូលដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ និងយូរអង្វែង។
សូមរម្លឹកដែរថា កាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា “មហាវិថី ស៊ី ជីនពីង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ រង្សី