ក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ដែលវិនិយោគសំខាន់លើប្រព័ន្ធអ៊ីនធើណែត បានស្នើទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តចំនួន៩ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនផ្ទាល់។
នេះបើយោងតាមកិច្ចប្រជុំពិភាក្សារវាងតំណាងក្រុមហ៊ុនខាងលើ ជាមួយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាទីស្តីការក្រសួង កាលចុងសប្តាហ៍នេះ។
នាឱកាសនោះ តំណាងក្រុមហ៊ុន (CFOCN) បានឱ្យដឹងថា តំណាងក្រុមហ៊ុន បានឱ្យដឹងទៀតថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យបទបង្ហាញដោយក្រុមហ៊ុន CFOCN ស្តីពីការជីក និងខួងកាត់ទទឹងផ្លូវជាតិសំខាន់ៗ ដើម្បីរាយបណ្តាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តចំនួន០៩ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដាប់ធ្នាប់។
តំណាងក្រុមហ៊ុនដដែលបានបន្តថា គម្រោងស្នើសុំជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តចំនួន៩ រួមមាន៖ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង។
ជាការឆ្លើយតបវិញ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ បានបង្ហាញនូវចំណាប់អារម្មណ៍ និងណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តទាំង៩ ដែលជាសេនាធិការរបស់ក្រសួង រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយពន្លឿនការងារនេះឱ្យបានកាន់ឆាប់ទៅតាមផែនការគ្រោងទុក។
សូមរម្លឹកដែរថា ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ នៃបណ្តាញខ្សែកាបអ៊ុបទិច បានដើរតួយ៉ាងសំខាន់ ដែលធ្វើឱ្យមានលំហូរនៃព័ត៌មាន និងទំនាក់ទំនងពិភពលោក ដែលជះឥទ្ធិពល ទៅលើការ អភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងក្នុងប្រទេស។
សម្តេចធិបតីបន្តថា កម្ពុជាត្រូវការការវិនិយោគ ដើម្បីពង្រឹកបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ បណ្តាញខ្សែកាបអុបទិក ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ រង្សី