លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Andrew Herrup ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងបរិយាកាសកក់ក្តៅ និងរាក់ទាក់។

នាឱកាសនោះ លោកភារធារី Andrew Herrup បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកបានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងគ្នានិងគ្នាផងដែរ។
បន្ថែមពីនេះ លោកក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់មួយចំនួន ដើម្បីបង្កើតបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបន្ថែមទៀតពីសហរដ្ឋអាមេរិក។ ឆ្លៀតក្នុងឱកាសនេះ លោក Andrew Herrup ក៏បានសម្តែងនូវចំណាប់អារម្មណ៍ជាវិជ្ជមានចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រីទៅកាន់សហភាពអ៊ឺរ៉ុប ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានសេចក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍ជាវិជ្ជមាននេះ ហើយឆ្លៀតជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កាពីបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី៩-១៨ ខែមិថុនា កន្លងទៅនេះ។
ដកស្រង់ពីបទពិសោធន៍ និងលទ្ធផលនៃដំណើរទស្សកិច្ចទៅសហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីលទ្ធភាព នៃការធ្វើការរួមគ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអាមេរិក ដើម្បីពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលរៀបចំព្រឹត្តិការណ៍ជំរុញវិនិយោគនៅសហរដ្ឋអាមេរិក តាមរយៈការរៀបចំជាវេទិការធុរកិច្ច និងការគោះទ្វារវិនិយោគតាមក្រុមហ៊ុន ដែលមានបំណងពង្រីកខ្សែច្រវាក់ផលិត និងផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងកញ្ចប់លើកទឹកចិត្តនានា ជូនដល់ធុរជនអាមេរិក។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងបញ្ជ្រាបការឈ្វេងយល់ពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនទៅលោក Andrew Herrup ពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់របស់វិនិយោគិនអាមេរិកនៅកម្ពុជា តាមរយៈការរៀបចំនូវយន្តការរួមសម្រាប់កិច្ចសន្ទនាជាប្រចាំលើកិច្ចការងារវិនិយោគ ដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនអាមេរិកបានកាន់តែឆាប់រហ័ស៕



