ក្រុមហ៊ុន Minebea Mitsumi ដែលជាក្រុមហ៊ុនខ្នាតយក្សមួយរបស់ជប៉ុន នឹងបើកការសាងសង់រោងចក្រទី២របស់ខ្លួន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ លើផ្ទៃដីប្រមាណ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា សព្វថ្ងៃនេះនៅរាជធានីភ្នំពេញ ក្រុមហ៊ុន Minebea របស់ជប៉ុននេះ កំពុងតែផ្តល់ការងារឱ្យយុវជន យុវនារីកម្ពុជា រហូតទៅដល់ជិត ៧៦០០នាក់។
លោកបន្តថា ក្រុមហ៊ុននេះ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួននៅកម្ពុជា គឺនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ដោយយកដី៥០ហិកតា ធ្វើការងារវិនិយោគ ហើយបង្កើតការងាររាប់ពាន់កន្លែង ឱ្យយុវជន យុវនារី មកធ្វើការនៅទីនេះ។ដោយរោងចក្រទី២នេះ នឹងបើកការដ្ឋានសាងសង់ក្នុងខែ៩(កញ្ញា) ឆ្នាំ២០២៤ខាងមុខ។ ហើយរោងចក្រនេះ គេបានដកប្រតិបត្តិការមួយចំនួនចេញពីប្រទេសសិង្ហបុរី មកប្រទេសកម្ពុជា។
បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ការដែលគេលើករោងចក្រមកទីនេះ ដោយសម្លឹងឃើញសក្តានុពលនៃការគាំទ្ររបស់ថាមពលអគ្គិសនីកម្ពុជាយើងកំពុងតែផលិតថាមពលចេញពីប្រភពថាមពលកកើតឡើងវិញយ៉ាងច្រើនលើសលប់ ដែលប្រទេសយើងទៅជាប្រទេសមួយមានការទាក់ទាញ។ថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនីរបស់យើង នឹងក្លាយទៅជាជន្ទល់មួយនៃការធ្វើឱ្យរោងចក្រមានដំណើរការបន្ថែមនៅលើទឹកដីកម្ពុជា។
សូមជម្រាបជូនថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ធ្លាប់បានលើកឡើងថា ក្រុមហ៊ុន Minebea បានសម្រេចចិត្តបង្កើតរោងចក្រទី២នៅខេត្តពោធិ៍សាត់ ដោយក្រុមហ៊ុននឹងទិញដី៥០ហិកតា ដាក់ទុនប្រហែល៦៥០លានដុល្លារអាមេរិក ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០។ហើយគម្រោងរោងចក្រនេះអាចបង្កើតការងារបាន៨ពាន់កន្លែងផងដែរ។
លោកគូសបញ្ជាក់ថា ការសម្រេចចិត្តដាក់ទុនវិនិយោគបង្កើតរោងចក្រទី២នៅទឹកដីពោធិ៍សាត់ ដោយសារខេត្តពោធិ៍សាត់មានរោងចក្រសូឡា ថាមពលស្អាត ទំនប់វារីអគ្គិសនីជាដើម។លើសពីនេះ ទីតាំងល្អជិតប្រទេសថៃ ម្យ៉ាងទៀតនឹងដោះស្រាយបញ្ហាច្រកទ្វារស្ទឹងបត់បានលឿនផងដែរ។លើសពីនេះ នឹងអូសទាញអ្នកវិនិយោគថែមទៀតរួមមាន ថៃបូក១ វៀតណាមបូក១ជាដើម ដែលជាការបង្កើតការងារឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនថែមទៀត។
គួរជម្រាបជូនថា ក្រុមហ៊ុនមីនីបៀ-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ក្រុមហ៊ុននេះបានបើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគ ចំនួន២៣លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារអាមេរិក៕