ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ឥណទានដល់កម្ពុជាចំនួន ១៤៥ លានដុល្លារ ដើម្បីជួយស្តារ និងកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជាឱ្យុកាន់តែប្រសើរឡើង។នេះបើយោងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ផ្សាយចេញកាលចុងសប្តាហ៍។
សេចក្តីប្រកាសរបស់ធនាគារពិភពលោក បានឱ្យដឹងថា ឥណទានចំនួន ១៤៥ លានដុល្លារនេះ គឺក្រោមជំនួយពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជានេះ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១១៣,០០០នាក់។
ជុំវិញរឿងនេះ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា គម្រោងនេះនឹងជួយប្រទេសកម្ពុជា ឱ្យមានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន។លើសពីនេះ គម្រោងនេះដែរ ក៏ជួយទៅលើភាពធន់ទៅនឹងអាកាសធាតុ ការធ្វើផែនការ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរដែលអាចឆ្លើយតបបានភ្លាមៗ និងរយៈពេលវែងទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជា។
គម្រោងនេះដែរ ក៏នឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពីអាកាសធាតុ និងការពង្រឹងការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្តជាដើម។
គម្រោងនេះ ក៏នឹងនឹងត្រូវបានស្តារឡើងវិញ និងកែលម្អឱ្យប្រសើរឡើង ហើយសហគមន៍កសិករអ្នកប្រើប្រាស់ទឹកនឹងទទួលបានការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសតាមរយៈគម្រោង សម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានកែលម្អឡើងវិញ។
គួរបញ្ជាក់ដែរថា តាមរយៈឥណទានខាងលើ គឺសម្រាប់អនុវត្តន៍គម្រោងក្នុងរយៈពេល៥ឆ្នាំ ដោយមានក្រសួងធនធានទឹក និងក្រសួងកសិកម្ម ជាអ្នកអនុវត្តន៍ផ្ទាល់៕