បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
នាឱកាសនោះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គឺជាកិច្ចប្រឹងប្រែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាឱ្យស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណង៖ ទី១. បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ២. ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ៣. ផ្ដល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង៤. បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។
ក្រសួងអប់រំបន្តថា មកដល់បច្ចុប្បន្ន បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន១២ បានចូលជាសមាជិក រួមមាន៖១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា២.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣.សាកលវិទ្យាល័យជាតិបាត់ដំបង ៤. សាកលវិទ្យាល័យស្វាយរៀង ៥. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៦. សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៧.សាកលវិទ្យាល័យជាតិគ្រប់គ្រង ៨. សាកលវិទ្យាល័យជាស៊ីមកំចាយមារ៩. សាកលវិទ្យាល័យក្រចេះ១០. វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១១. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង១២. សាកលវិទ្យាល័យអង្គរ។
គួរបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៤នេះ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជាសម្រេចបានសមិទ្ធផលការងារដូចខាងក្រោម៖បានបង្កើត និងកែលម្អបន្ទប់ស្ទីឌីយោសម្រាប់សាកលវិទ្យាល័យចំនួន៥, បានតភ្ជាប់បញ្ចូលគ្នារវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សាកលវិទ្យាល័យសមាជិកចំនួន៦,បានរៀបចំបង្កើតដូម៉ែន (domain) និងបង្កើតប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀន និង បានដាក់ឱ្យដំណើរការនៅលើmoodle.ccun.edu.kh ,អភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ៥៤ នាក់ លើជំនាញផលិតមេរៀន ផលិតធនធា,សិក្សាអនឡាញ ប្រព័ន្ធគ្រប់គ្រងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ និងការគ្រប់គ្រងបណ្តាញតាមសាកលវិទ្យាល័យ។
សាកលវិទ្យាល័យនេះ ក៏បានផលិតមាតិកាមេរៀនចំនួន ៦៩មុខវិជ្ជា សម្រាប់ដាក់ឱ្យអនុវត្តកម្មវិធីសិក្សាថ្នាក់ បរិញ្ញាបត្រចំនួន ១៨ ជំនាញឯកទេស និងបានទទួលនិស្សិតចុះឈ្មោះចូលរៀនចំនួន ៥,៤៣២នាក់៕ អត្ថបទ៖ រង្សី