សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការជំរុញដល់គ្រឹះស្ថានសិក្សាទាំងអស់សូមបង្កើនការកែទម្រង់ និងជំរុញការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ពិសេសសមត្ថភាពសិស្សឱ្យកាន់តែប្រសើរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
នឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាងនូវធនធានមនុស្ស មិនអាចធ្វើតែមួយថ្ងៃបាននោះទេ ខណៈធនធានមនុស្សនេះ គឺជាកត្តាចាំបាច់បំផុត ក្នុងការអភិវឌ្ឍកម្ពុជាឱ្យ កាន់តែរីកចម្រើន ទៅមុខបន្ថែមទៀត។
បន្ថែមពីនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់សាធាណជនទាំងអស់ សូមពង្រឹង សមត្ថភាពបន្ថែមលើបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាពលរដ្ឋឌីជីថលនៅក្នុងសង្គមទំនើបបច្ចុប្បន្ន ខណៈសម្តេច ក៏បានជំរុញដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបង្កើនការកែទម្រង់គុណភាពស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពសិស្សផងដែរ។
ជាថ្មីម្តងទៀត សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងទៀតថា មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ បានខិតខំដាក់ចេញ នូវគោលនយោបាយពង្រីក និងលើកកម្ពស់នូវវិស័យអប់រំឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ៕ អត្ថបទ៖ រង្សី