សម្តេចធិបតី ឱ្យក្រសួងយុត្តិធម៌ សិក្សាបញ្ចូលចំណុចខ្វះខាត ទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីឃាតកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រគល់ភារកិច្ចបន្ថែមជូន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ នាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើសដូចករណីនៃការបាញ់ប្រហារដ៏សាហាវ នាថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា «ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុករបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានបង្ហាះសារទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើង ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះ ឱ្យម៉ឹងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត»។

សម្តេចធិបតី បានបន្តទៀតថា៖«ខ្ញុំបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលខ្ញុំពិនិត្យឃើញថា យោបល់របស់ ដារា គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ»។

សម្តេចធិបតី បានបន្តថា៖« ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាន និងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ»។

គួរបញ្ជាក់ដែរថា ការដាក់ចេញនៅបទបញ្ជារបស់សម្តេចធិបតីនាពេលនេះ​គឺ បានធ្វើឡើងបន្ទាប់ពី ខ្មាន់កាំភ្លើងគឺ អតីតឧកញ៉ា ស្រី ស៊ីណា បានធ្វើការបាញ់ប្រហារនៅខណ្ឌច្បារអំពៅ បណ្ដាលឱ្យមនុស្ស២នាក់ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួស។ ករណីនេះ តុលាការបានចោទប្រកាន់ អតីតឧកញ៉ា ស្រី ស៊ីណា ចំនួន៣បទល្មើស គឺបទ ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត៕