គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់ជំហានទី៣ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានបើកការដ្ឋានសាងសង់នេះ នឹងគ្រោងប្រើថវិកាសរុបចំនួន ២៥៧ លានដុល្លារអាមេរិក។
លោកបន្តថា ថវិកាដែលគ្រោងប្រើនេះ បានមកពីប្រភពមូលនិធិរួមមាន ប្រាក់កម្ចីចំនួន ២១០ លានដុល្លារ ពីទីភ្នាក់ងារ AFD, ៥ លានដុល្លារ ដែលនៅសល់ពីជំហានទី១ និងជំហានទី២ របស់ AFD, និងការវិនិយោគចំនួន ៤២ លានដុល្លារ ពីរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ទន្ទឹមនឹងនេះ, សហភាពអឺរ៉ុបគ្រោងផ្តល់ជំនួយឥតសំណងចំនួន ១២ លានដុល្លារសម្រាប់គម្រោងនេះផងដែរ។

សូមបញ្ជាក់ថា គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣នេះ នឹងចូលរួមចំណែកផលិតទឹកស្អាត ដើម្បីផ្គត់ផ្គង់តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។គម្រោងរោងចក្រនេះ នឹងប្រើប្រាស់រយៈពេលសាងសង់៣៦ខែ ពោលគឺបញ្ចប់នៅឆ្នាំ២០២៧។
សូមជម្រាបផងដែរថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣(រួមមានជំហានទី១, ២, និងទី៣)នេះ នឹងចំណាយថវិកាសរុបប្រមាណ ៦៦០លានដុល្លារអាមេរិក៕

