គិតជាង១ទសវត្សន៍មកនេះ និស្សិតកម្ពុជាប្រមាណជាង ២៥០០នាក់ បានទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាឧត្តមសិក្សានានា នៅប្រទេសថៃ។ ក្នុងនោះ មាននិស្សិតប្រមាណ ២១៣២នាក់ បានទទួលអាហារូបករណ៍ពីព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន។
នេះបើតាមការលើកឡើងរបស់លោក ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងក្នុងពិធីជួបជុំអតីតនិស្សិតនៃមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ហង់ ជួនណារ៉ុន បានឱ្យដឹងថា ជាងមួយទសវត្សរ៍កន្លងមកនេះ និស្សិតកម្ពុជាមានចំនួនប្រមាណជាង ២៥០០នាក់ បានទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាឧត្តមសិក្សានានាក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលក្នុងនោះមាននិស្សិតចំនួនប្រមាណ ២១៣២នាក់ បានទទួលអាហារូបករណ៍ព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន។
លោកបន្តថា គិតត្រឹមដើមឆ្នាំ២០២៤ មាននិស្សិតអាហារូបករណ៍ព្រះរាជទានសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ ថ្នាក់បណ្ឌិត ចំនួនប្រមាណ ១៩០៩នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលក្នុងនោះមាននិស្សិតចំនួន ៣៧នាក់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យជូឡាឡុងកន។ បច្ចុប្បន្ន អតីតនិស្សិត នៃមហាវិទ្យាអប់រំ សាកលវិទ្យាល័យជូឡាឡុងកនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយពួកគេបានត្រឡប់មកបំពេញការងារនៅតាមអង្គភាពផ្សេងៗក្នុងប្រទេសកម្ពុជា ជាពិសេសបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជានៅតាមបណ្តាគ្រឹះស្ថាននានាទូទាំងប្រទេស។
ជាមួយគ្នានោះ លោកក៏បានគូសបញ្ជាក់ថា ក្នុងបរិបទបរិវត្តកម្មឌីជីថលដែលសង្គមសេដ្ឋកិច្ចមានការវិវត្តឥតឈប់ឈរ ចំណេះដឹង បទពិសោធន៍របស់អតីតនិស្សិតដែលទទួលបានពីសាកលវិទ្យាល័យ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនុវត្តការងារ និងបន្តការសិក្សាពេញមួយជីវិត ក្នុងគោលដៅ ដើម្បីចូលរួមលើកកម្ពស់ភាពជាពលរដ្ឋជាតិ និងពលរដ្ឋសាកល។ ទំនាក់ទំនងរវាងអតីតនិស្សិតទាំងអស់ នឹងជំរុញឱកាសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិ ឈានទៅលើកកម្ពស់នវានុវត្តន៍ ដែលចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍសង្គមជាតិបានប្រកបដោយចីរភាព៕