ឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបានជាង១៥លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាភាពយន្ត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជារកចំណូលបានពីវិស័យឧស្សាហកម្មភាពយន្តប្រមាណជាង១៥លានដុល្លារ ដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនជាង៤លាននាក់ នៅក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិស្ថានភាពយន្តដ៏សំបូរបែប និងរស់រវើកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់ ក្នុងការជុំរុញកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងជួយលើកកម្ពស់កិតិ្តនាមកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត ក្រោមគោលនយោបាយឈ្នះឈ្នះ។

ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តី បានលើកឡើងពីរបាយការណ៍របស់នាយកដ្ឋានសិល្បៈភាពយន្តដែលបង្ហាញថា ឆ្នាំ២០២៣វិស័យឧស្សាហកម្មភាពយន្តបានផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិប្រមាណជាង១៥លានដុល្លារ ដែលបានមកពីការទិញសំបុត្រចូលទស្សនាភាពយន្តរបស់ប្រជាជនមានចំនួនជាង៤លាននាក់។

លោកស្រីបន្តថា ក្រៅពីនេះ វិស័យឧស្សាហកម្មភាពយន្តដែលមានដូចជា ការផលិតភាពយន្ត ការចែកចាយភាពយន្ត និងរោងភាពយន្តបានផ្តល់ការងារក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដល់ប្រជាជន ជាពិសេសយុវជនប្រមាណជាង៧.០០០កន្លែងផងដែរ។

សូមជម្រាបជូនថា ឆ្នាំ២០២៣ មានក្រុមហ៊ុនផលិតភាយន្តបរទេសប្រមាណ៤០ក្រុម ស្នើមកថតនៅកម្ពុជា ដែលនេះជាផលវិជ្ជមានដល់សេដ្ឋកិច្ចជាតិ និងជាការផ្សព្វផ្សាយនូវសក្តានុពលបេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជា ពិសេសរួមចំណែកទាក់ទាញភ្ញៀវទេសចរនានាមកទស្សនានៅកម្ពុជាផងដែរ៕