ប្រមុខរាជរដ្ឋាភិបាល៖ សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាប្រមាណ៩០% បានផ្តល់ការងាររហូត៧០%

សង្គម​ និង​សេដ្ឋកិច្ច

​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប ផ្តល់ការងារពី ៦០% រហូតទៅដល់ ៧០%ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចបញ្ជាក់បែបនេះ នៅក្នុងសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដែលចេញផ្សាយនៅកាលរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងសារលិខិតខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប ផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅ ទូទាំងពិភពលោក។

សម្តេចបន្តថា នៅក្នុងក្របខ័ណ្ឌអាស៊ានវិញ គឺមានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧.២% ទៅ ៩៩.៩%) និងរួមចំណែកក្នុងរង្វង់ ៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសជាសមាជិកអាស៊ាន។

ជាងនេះទៀត សម្តេចធិបតី បានបញ្ជាក់ទៀតថា៖«យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិន រាប់បញ្ចូលវិស័យកសិកម្ម)»។

គួរបញ្ជាក់ដែរថា បើតាមសម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញ នូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុង ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា៕ អត្ថបទ៖ រង្សី