លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្នើគណៈកម្មការជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោស និងលើកលែងទោស ដាក់ឈ្មោះ អតីតឧកញ៉ា ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗដែលមិនអាចទទួលបានការស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសបាន។
លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក កើត រិទ្ធ បានថ្លែងអំណរគុណ ដល់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីផ្ដន្ទាទោសជននេះ នឹងដើម្បីឱ្យជននេះរងទោសជាអតិប្បរមា ដែលសំណុំរឿងនីមួយៗនឹងអាចត្រូវប្រឈមនឹងការដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
បន្ថែមទៀតនោះ លោក កើត រិទ្ធ នឹងស្នើទៅតុលាការចំនួន៣៖ ១.កុំបញ្ចូលសំណុំរឿងទាំងពីរនេះជាសំណុំរឿងតែមួយ។ ២.ស្នើសុំដល់តុលាការគ្រប់ជាន់ថ្នាក់ សូមកុំអនុវត្ដវិធានស្រូបទោសដើម្បីធានាថាជននេះ ត្រូវអនុវត្ដទោសតាមសាលក្រម ឬសាលដីការ ជាបន្ដបន្ទាប់ក្នុងសំណុំរឿងទាំងពីរនេះ។ ៣.បន្ទាប់ពីការសម្រេចរបស់តុលាការ ដែលផ្ដន្ទាទោសជនល្មើសជាស្ថាពរ ក្នុងនាមជារដ្ឋមន្រ្ដីមន្រ្ដីក្រសួងយុត្ដិធម៌ និងជាប្រធានគណៈកម្មការជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោស និងលើកលែងទោស លោកនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះ ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសបានឡើយ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការស្នើសុំនេះដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវបែបនេះត្រូវទទួលរងការអនុវត្ដទោសជាប់ពន្ធនាគារឱ្យបានធ្ងន់ធ្ងរស័ក្តិសមទៅនឹងទង្វើដែលខ្លួនបានប្រព្រឹត្ដិស្របតាមគោលការណ៍ក្នុងវិស័យយុត្ដិធម៌៕