លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្ម និងមានទីផ្សារខ្ពស់ តាមរយៈការកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ សំដៅឈានទៅជម្រុញកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីក្រសួង និងអ្នកជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងបណ្តាក្រុមហ៊ុន ដែលវិនិយោគវិស័យកៅស៊ូនៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឱ្យមានកម្មវិធីប្រឡងចៀរជ័រកៅស៊ូ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចូលរួមលើការងារនេះផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបន្តទៀតថា៖« កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀត ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជាស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត»។
យោងតាមរបាយការណ៍ពីអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ដែលចេញផ្សាយកាលខែមករា ឆ្នាំ២០២៤ បានបង្ហាញថា ក្នុងមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជារកចំណូលបានជាង៥៣៧លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ឬស្មើនឹង១.២% ធៀបឆ្នាំ២០២២។
សូមជម្រាបជូនដែរថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន៨៦,៩៨៨ហិកតា ស្មើនឹង២១%៕ អត្ថបទ៖ រង្សី