គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១១,៦៣%ហើយ។នេះបើយោងតាម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
លោក ផន រឹម បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដែលបានសម្ពោធបើកការដ្ឋានកាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បច្ចុប្បន្នសម្រេចបាន១១,៦៣%ហើយ។
ជាមួយគ្នានេះ ស្ពាននេះ មានសសរគ្រឹះ៣៦ដើម បានចាក់បេតុងរួចរាល់ ក្នុង១៥៦ដើម នៃសរសរគ្រឹះ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដែលបច្ចប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ ក៏បានអះអាងដែរថា បច្ចុប្បន្នលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានណែនាំជាប្រចាំដល់នាយកគម្រោងត្រូវជំរុញដល់ក្រុមការងារការដ្ឋានស្ថាបនាប្រឹងប្រែងឱ្យសម្រេចសមិទ្ធផលតាមការគម្រោងដែលកំណត់៕ អត្ថបទ៖ រង្សី