សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការស្នើនៅចំពោះមុខរាជរដ្ឋាភិបាលឱ្យ ទូងស្គរ បាញ់កាំជ្រួច នៅទីវត្តអារាម និងនៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីអបអរបង្ហាញពីការគាំទ្រ លើកទឹកចិត្ត នូវការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ សីហា ២០២៤ ខាងមុខនេះ។
សម្ដេចតេជោ មានប្រសាសន៍បែបនេះ ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

នាឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានស្នើសុំចំពោះមុខរាជរដ្ឋាភិបាល ឱ្យធ្វើការអំពាវនាវចំពោះគ្រប់ទីកន្លែង ទីវត្តអារាម ឱ្យមានការបាញ់កាំជ្រួច ទូងស្គរ ដើម្បីបង្ហាញពីការអបអរនៅការបើកគម្រោងប្រវត្ថិសាស្រ្តនៅកម្ពុជា គឺគម្រោងព្រែកជីកហ្វូណនតេជោ។
សម្តេចតេជោ ក៏បានបង្ហាញក្តីជឿជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយគម្រោងឯករាជ្យខាងនយោបាយដឹកជញ្ជូន មិនពឹងដង្ហើមប្រទេសជិតខាង ហើយផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច លើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត ព្រមទាំងនឹងបម្រើដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។
គួរបញ្ជាក់ថា បើតាមរាជរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ មានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ នឹងអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន អាចធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត៕ អត្ថបទ៖ រង្សី