សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ន ដំណើររបស់ប្រទេសកម្ពុជា កំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន ព្រោះកម្ពុជាបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលកម្រិតខ្ពស់។
ថ្លែងក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា កាលព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ ឆ្នាំមកនេះ បានអនុញ្ញាត ឱ្យយើងប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូល ខ្ពស់ នៅឆ្នាំ ២០៥០។
ដោយសម្តេចតេជោ បន្តថា៖« បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាព វិជ្ជមាន។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផល ធំៗថ្មីៗទៀក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃ សភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង បញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្តី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង»។
គួរបញ្ជាក់ដែរថា តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់ខាងលើនេះ សម្តេចតេជោ បានអះអាងថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងឆ្លងសាមគ្គីភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍ ប្រទេសជាតិ លើកកម្ពស់ជីវភាពរបស់ប្រជាជន៕អត្ថបទ ៖ រង្សី