សម្តេចធិបតីនាយករដ្ឋាមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថារាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ ជាពិសេស លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ដើម្បីលើកកម្ពស់វិស័យឯកជនកម្ពុជា ខណៈវិស័យនេះបានដើរតួរនាទីស្នូលក្នុងផ្នែកផលិតកម្ម និងសេវាកម្មជូនដល់តម្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី បានបញ្ជាក់ថា វិស័យឯកជនបានដើរតួរនាទីស្នូលក្នុងផ្នែកផលិតកម្ម និងសេវាកម្មជូនដល់តម្រូវការរបស់ប្រជាពលរដ្ឋ ហើយសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារផងដែរ ។
ក្នុងន័យនេះ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល អាណតិ្តទី៧ បន្តគាំទ្រ និងពង្រឹងវិស័យឯកជន ដោយធានារក្សាបាននូវស្ថិរភាពនៃកត្តាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា លិខិតបទដ្ឋានគតិយុត្ត និងការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាដើម ។ល។
លើសពីនេះ សម្តេចបន្ថែមថា៖«ដើម្បីលើកកម្ពស់វិស័យឯកជន រដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគដូចជា ការធ្វើសាមញ្ញកម្មនីតិវិធី, ការកាត់បន្ថយបន្ទុកអនុលោមភាព និងចំណាយដែលមិនចាំបាច់, ការបង្កើនប្រសិទ្ធភាពរដ្ឋបាល, និងការលើកកម្ពស់ភាពទាក់ទាញនៃក្របខ័ណ្ឌការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតក្រមនីតិវិធីប្រតិបត្តិ (SOP), ការធ្វើឌីជីថលូបនីយកម្មនីតិវិធីរដ្ឋបាល, និងការដាក់ចេញនូវយន្តការជាក់លាក់សម្រាប់ការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ»។

សូមបញ្ជាក់ថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម នាឆ្នាំ២០២៤នេះ មានការចូលរួមពីតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ប្រមាណជិត ៥.០០០ នាក់ មកទូទាំងប្រទេស ដែលភាគច្រើនជាសហគ្រាសកម្មន្តសាលស្បៀង និងម្ហូបអាហារ នៃសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីជាផ្លូវការចំនួន ៤៤.៥៥០ មូលដ្ឋាន។ យ៉ាងណាម៉ិញ នាឱកាសនោះ សម្តេចធិបតី ក៏បានស្នើឱ្យវិស័យឯកជន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកខ្លួន ជាពិសេស លើផ្នែកអភិបាលកិច្ច និងចូលរួមជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ និងប្រជាជនផងដែរ៕ អត្ថបទ៖ រង្សី