ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ខណៈបច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។នេះបើតាមការឱ្យដឹងពីស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងសន្និសិទ្ធសារព័ត៌មាន ស្ដីពីវេទិការធុរកិច្ចបារាំង-កម្ពុជា ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
ស្ថានទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា អស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ទំនាក់ទំនងទ្វេភាគីបារាំង-កម្ពុជាមានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបនៅប្រទេសបារាំង ក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងចំនួន៧ត្រូវបានចុះហត្ថលេខាក្នុងវិស័យគន្លឹះ ដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពីសករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា។
ជាមួយគ្នានោះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជាមានចំនួន ១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ចំណែកការនាំចេញរបស់បារាំងមកកម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ពោលគឺ៣១%ធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។ចំណែកឯការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់១ ១៩២ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។
លើសពីនេះ ក្នុងទំហំប្រមាណ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិឧស្សាហកម្ម និងសេវា។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំងនៅកម្ពុជា (ជាង៤០០ក្រុមហ៊ុន) បង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារំាងនៅកម្ពុជា។
បើតាមស្ថានទូតបារាំង បានបញ្ជាក់ថា តួលេខទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សូមជម្រាបជូនថា បារាំងនិងកម្ពុជា តាមរយៈភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។
តាមរយៈវេទិកាធុរកិច្ចលើកទី២នេះ នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ។វេទិកានេះក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្រ្ត ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ៕