សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល បានប្តេជ្ញាបន្តដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ សំដៅធានាតម្លៃផលិតផលកសិកម្មជូនកសិករឱ្យកាន់តែប្រសើរ ដើម្បីឈានទៅលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធី «ទិវាមច្ឆាជាតិ» នៅភូមិបឹងធំ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដូចជា៖ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត កន្លែងស្តុកទឹក ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែងាយស្រួល ការលើកលែងពន្ធលើផ្ទៃដីដាំដុះកសិផល ការជំរុញការវិនិយោគលើវិស័យកសិកម្ម ការជំរុញឱ្យមានការចង់ក្រងជាសហគមន៍ទំនើប ការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងការពង្រាយមន្រ្តីកសិកម្មនៅទូទាំប្រទេសជាដើម។ គោលនយោបាយ និងផែនការទាំងនេះ គឺក្នុងគោលដៅដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម និងធានាតម្លៃផលិតផលកសិកម្មឱ្យកាន់តែខ្ពស់ជូនកសិករ និងអ្នកផលិត។
ឆ្លៀតឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់ស្ថាប័នជំនាញ ឱ្យចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ផលិតផលកសិកម្មឱ្យត្រូវតាមការចង់បានរបស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិផងដែរ៕ អត្ថបទ៖ រង្សី