លោក វ៉ី សំណាង នឹងចូលកាន់មុខតំណែងជា «អភិបាលខេត្តតាកែវ» ជាផ្លូវការ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ ខណៈដែលពិធីប្រកាសចូលកាន់តំណែងនេះ នឹងប្រារព្វធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តតាកែវ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។

លោក វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ (ខ្ពស់ផុតលេខ) ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្ទេរនិងតែងតាំងមុខតំណែង ពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជា អភិបាលនៃគណៈអភិបាលខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ រីឯលោក អ៊ួច ភា អភិបាលខេត្តតាកែវ ត្រូវបានតែងតាំងមុខតំណែងថ្មីជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។


លោក វ៉ី សំណាង បច្ចុប្បន្នវ័យ ៥០ឆ្នាំ បានចាប់កំណើតនៅឆ្នាំ ១៩៧៤ ក្នុងត្រកូលមន្ត្រីរាជការមួយក្នុងភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ កាលពីនៅតូចស្ថានភាពប្រទេសជាតិមានភាពអសន្តិសុខ លោកត្រូវផ្លាស់ទីចុះឡើងៗពីស្រុកកំណើតនៅខេត្តព្រៃវែងទៅខេត្តកំពង់ធំ។ លោកបានបញ្ចប់ថ្នាក់បាក់ឌុបនៅអំឡុងឆ្នាំ១៩៩១ នៅខេត្តកំពង់ធំ និងបន្តសិក្សានៅសាលាជាតិកសិកម្មព្រែកលាប នៅឆ្នាំ១៩៩៣-១៩៩៤។ បន្ទាប់មក លោកបានសិក្សាយកបរិញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យបៀលប្រាយ និងថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកជាថ្នាក់ដឹកនាំខេត្តមួយរូប ដែលបានបន្តការសិក្សាថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា។
សម្រាប់ប្រវត្តិការងារ ដោយមានឪពុកជាមន្ត្រីរាជការមួយរូប លោកចង់ដើរតាមគន្លងឪពុក លោកបានចូលបម្រើការងារនៅរដ្ឋបាលព្រៃឈើ ហើយដែលកាលនោះគេហៅថានាយកដ្ឋានរុក្ខាប្រមាញ់ អស់រយៈពេលជាច្រើនឆ្នាំ មុននឹងផ្ទេរទៅបម្រើការងារនៅនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ។ ដោយសារតែមើលឃើញនូវស្នាដៃនៃការខិតខំ និងសមត្ថភាព លោក វ៉ី សំណាង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺ នៅឆ្នាំ ២០១៦ និងបន្តកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ អាណត្តិទី២ នៅដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន៕

