លោក គួច ចំរើន អភិបាលខេត្តថ្មី នៃគណៈអភិបាលខេត្តកណ្តាល បានបង្ហើបឱ្យដឹងថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ លោកបានផ្លាស់ប្តូរការងារចំនួន ៦កន្លែង និងបានជួបរឿងថ្មីរហូត ប៉ុន្តែទទួលបានមកវិញនូវបទពិសោធន៍ជាច្រើន មិត្តភ័ក្ត្រក៏ច្រើន ទំនាក់ទំនងក៏ច្រើន និងស្គាល់សង្គមក៏កាន់តែច្រើន។
លោក គួច ចំរើន បានបំពេញការងារជាបុគ្គលិកចាត់តាំងនៅសាលាខណ្ឌចំការមន ចាប់ពីឆ្នាំ១៩៩៣ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ និងជាអភិបាលរងខណ្ឌចំការមន ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៤, ជាអភិបាលខណ្ឌមានជ័យ ចាប់ពីខែកក្កដា ឆ្នាំ២០០៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤, ជាអភិបាលខណ្ឌដូនពេញ ចាប់ពីខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦, ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចាប់ពីខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧, ជាអភិបាលខេត្តកំពង់ចាម ចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែមិថុនា ឆ្នាំ២០១៩ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៤។
លោកអភិបាលខេត្តកណ្តាលថ្មី បានបង្ហោះរូបភាពឈរនៅមុខសាលាខេត្តកណ្តាល ភ្ជាប់ជាមួយនឹងសារនៅលើទំព័រហ្វេសប៊ុក កាលព្រឹកមិញយ៉ាងដូច្នេះថា៖ “អ្នកកណ្តាល សុំផ្ញើខ្លួននិងការងារជោគជ័យផង។ ក្នុងរយៈពេល ១០ឆ្នាំ ខ្ញុំបានប្តូរការងារ៦កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម-ខេត្តព្រះសីហនុ-ខេត្តកណ្តាល”។
អតីតអភិបាលខេត្តព្រះសីហនុរូបនេះ បានបន្ថែមថា ការងារច្រើនកន្លែង ថ្មីរហូត ហត់បន្តិចមែនតែបទពិសោធន៍ច្រើន មិត្តភ័ក្រ្តក៏ច្រើន ទំនាក់ទំនងក៏ច្រើន ស្គាល់សង្គមនិងមនុស្សក៏ច្រើន។ រីករាយចំពោះការងារទាំងអស់ ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង លោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕