លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា តបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការបរទេសបន្តថា ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ខាមីខាវ៉ា យ៉ូកុ នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងមាន ជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ផងដែរ។
បើតាមក្រសួងការបរទេស ទស្សនកិច្ចរបស់ លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ជា ញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងជប៉ុន។
សូមបញ្ជាក់ថា កម្ពុជា-ជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលទំនាក់ទំនងនេះ មានអាយុកាលជាង៧០ឆ្នាំមកហើយ។ជាមួយគ្នានោះ កម្ពុជា-ជប៉ុន បានដំឡើងកម្រិតទំនាក់ទំនងពីកម្រិតធម្មតា ទៅជាដៃគូយុទ្ធសាស្ត្រដែលជាទំនាក់ទំនងកម្រិតខ្ពស់ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣។
ជាមួយគ្នានោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន បានរួមចំណែកយ៉ាងសំខាន់ចំពោះដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងជំនួយ និងការគាំទ្រដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ។
លើសពីនេះ តាមរយៈការបង្កើនក្រុមវិនិយោគជប៉ុន នៅកម្ពុជាក៏បាននឹងចូលរួមចំណែកបង្កើតទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគី។ក្នុងនោះប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជា ក្នុងការផ្តល់ជំនួយ កម្ចីឥតសំណងជាច្រើននៅកម្ពុជា៕