ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្ត លោក គួច ចំរើន អភិបាលខេត្តកណ្តាលថ្មី នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ដ៏មានសារៈសំខាន់នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចុះជាមួយកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ ដោយបានអញ្ជើញចូលរួមអមដំណើរ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង លោក គួច ចំរើន អតីតអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តកណ្ដាល ជំនួសលោក គង់ សោភ័ណ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃបើកការដ្ឋានសាងសង់នូវគម្រោង «ព្រែកជីកហ្វូណនតេជោ» គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមនៃការសាងសង់នូវ គម្រោងជាប្រវត្តិសាស្រ្តមួយនេះផងដែរ៕



