សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល អាណតិ្តទី៧នេះ នឹងបន្តអនុវត្តគោលការណ៍លើកលែងពន្ធលើដីកសិកម្ម កសិផលកសិកម្ម និងមុខទំនិញដែលជាអាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ២០២៨។
ថ្លែងក្នុងក្នុង “ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” កាលថ្ងៃទី១ កក្កដា ២០២៤ សម្តេចធិបតី បានឱ្យដឹងថា វិស័យកសិកម្មកម្ពុជាបន្តរក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ដល់ការបន្ធូរបន្ថយផលប៉ះពាល់ ជាអវិជ្ជមានលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស ធានាសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាព ដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ក្តី។
ទន្ទឹមគ្នានេះ សម្តេចធិបតី បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល អាណតិ្តទី ៧ នៅបន្តអនុវត្តគោលការណ៍លើកលែងពន្ធ ដោយមិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផល និងមុខទំនិញដែលជាអាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ២០២៨ ព្រមទំាងការលើកទឹកចិត្តផ្នែកពន្ធដារចំនួន ២ ឆ្នាំ បន្ថែមទៀតចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និង ជ័រកៅស៊ូ ។
បន្ថែមលើនេះ សម្តេចធិបតី ឱ្យដឹងទៀតថា កសិផលចំនួន ៥ មុខ ដែលកំពុងមានសក្តានុពល រួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុកដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នាផងដែរ។
បើតាមសម្តេចធិបតី បានសង្កត់ធ្ងន់ទៀតថា ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមានការលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម។
គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២ លានតោន ទៅកាន់គោលដៅចំនួន ៧៨ ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិដ៏សំខាន់៕ អត្ថបទ៖ រង្សី