ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្តេចនឹងចុចប៊ុតុងចាប់ផ្តើមបើកការដ្ឋានជាផ្លូវការនៅទីតាំងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នេះបើយោងតាម ដំណើរចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅទីតាំងខាងលើ ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញអមដំណើរពីរដ្ឋមន្ត្រីក្រសួងសាធារណការ រដ្ឋមន្ត្រីក្រសួងធនធានទឹក រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ្នកជំនាញដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត កាលរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ អមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រ និងអបអរសាទរដល់ការបើកការដ្ឋានសាងសង់គម្រោងប្រវត្តិសាស្រ្តនេះផងដែរ។

គួរបញ្ជាក់ដែរថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។
គម្រោងនេះ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ។គម្រោងផ្លូវទឹកថ្មីនេះដែរ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕ អត្ថបទ៖ រង្សី



