គិតត្រឹមដំណាច់ខែមិថុនានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៨,៣៨% ក្នុងនោះស្ពានដែលខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ ក៏សម្រេចបាន ៤៣,៥០% ផងដែរ។នេះបើតាមការប្រកាសដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២៤។
ក្រសួងបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK១៩៨+៥១៨) សម្រេចបានលទ្ធផលជារួម ៨៨,៣៨%ហើយ បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ។ គម្រោងនេះ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្រសួង បានឱ្យដឹងទៀតថា វឌ្ឍនភាពនេះរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦% ការងារស្ពានសម្រេចបាន ៩៣,២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។
យ៉ាងណាមិញ បើតាមក្រសួង បានអះអាងដែរថា នៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៨៨លានដុល្លារ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕ អត្ថបទ៖ រង្សី