រយៈពេល៦ខែ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រាក់ចំណូលជាង ២៤លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ជាង៥២ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើងជាង៣៥ភាគរយ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរបានឱ្យដឹងថា ក្នុងរយៈពល៦ខែ ចាប់ពីខែមករា ដល់ខែខែមិថុនា ឆ្នាំ២០២៤ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមាន៥២១ ៩៥០នាក់ កើនឡើងជាង៣៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូល ២៤ ៣៥៧,៦៩៥ ម៉ឺនដុល្លារ កើនឡើងជិត៣៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
គ្រឹះស្ថានអង្គរបានបន្តថា សម្រាប់ខែមិថុនាឆ្នាំ២០២៤ ភ្ញៀវទេសចរអន្ដរជាតិមានចំនួន៤៩,៦៩២ នាក់ បានទិញបណ្ណចូលទស្សនាអង្គរ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ មានការកើនឡើងជាង២០រយភាគរយ ដែលគិតជាទឹកប្រាក់២ ១៥០,៨០៤ដុល្លា កើនឡើងជាង១៨ភាគរយ។
គួរបញ្ជាក់ដែរថា ចំណូល និងចំនួនភ្ញៀវទេសចរខាងលើគឺជាចំនួន ចំណូលភ្ញៀវទេសចរបរទេសដែលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់់ផែចុងឃ្លៀស។
សូមជម្រាបផងដែរថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕