គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ចំនួន៤ បានជាប់ជាគោលដៅដែលទាក់ទាញទេសចរណ៍កំពូល នៅតំបន់អាស៊ី ដែលផ្តល់ដោយ TripAdvisor។

TripAdvisor’s Traveler Choice Awards បានចាត់ថ្នាក់ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍លំផុតនៅអាស៊ី ខណៈតំបន់ទេសចរណ៍កម្ពុជា ៣ទៀត រួមមាន ប្រាសាទតាព្រហ្ម លំដាប់ទី១៩, ប្រាសាទបាបាយ័នលំដាប់ទី២០ និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី២២។
បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ នៅថ្ងៃទី០២ ខែកក្កដានេះថា គោលដៅទេសចរណ៍សំខាន់ទាំង៤របស់កម្ពុជា ដែលបានជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាស៊ីនេះ គឺក្នុងចំណោមទាំង២៥ នៃគោលដៅទាក់ទាញទេសចរណ៍កំពូលនៅអាស៊ី។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតលើពិភពលោក ពីកម្មវិធីពានរង្វាន់ Traveler Choice Awards របស់ TripAdvisor ដែលគេហទំព័រផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅទូទាំងពិភពលោកផងដែរ៕


