ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្តេជ្ញាជំរុញវិនិយោគិនឱ្យមកវិនិយោគបន្ថែមទៀតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានប្តេជ្ញាថានឹងបន្តការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញារបស់ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាលឺម្លង់ខាងលើ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក Stefan Messerer ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាលឺម្លង់ប្រចាំកម្ពុជា បានរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរ ហើយក្នុងអាណត្តិការទូតរបស់លោករយៈពេលជាង២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយរដ្ឋាភិបាល អាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានការប្តេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យសុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។

សម្តេចធិបតី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនបន្ថែមទៀត ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត និងកិច្ចសហប្រតិបត្តិការលើវិស័យបោះសម្អាតមីននៅកម្ពុជា៕