លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមូលនិធិអប់រំកុមារ (មអក) រួមទាំងសប្បុរសជននានា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកជំនួយឧបត្ថម្ភ រួមមាន សម្លៀកបំពាក់ និងសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ ជូនដល់កុមារកំព្រា និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលកុមារកំព្រាព្រៃជុំ ស្ថិតក្នុងខេត្តកំពង់ស្ពឺ សរុបចំនួន ៨៥ នាក់ ។

លោកបណ្ឌិត ស្ថាបនិក មូលនិធិអប់រំកុមារ មានប្រសាសន៍ថា៖ “ខ្ញុំបាទ បណ្ឌិត គី សេរីវឌ្ឍន៍ តំណាងមូលនិធិអប់រំកុមារ(មអក) រួមដំណើរដោយឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជន បាននាំយកនៅអំណោយ ជាសម្លៀកបំពាក់ និងសម្ភារៈសិក្សាសរុប ចំនួន 50 ឈុត គ្រឿងឧបភោគ បរិភោគ ជូនដល់កុមារកំព្រា និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលកុមារកំព្រាព្រៃជុំ នៃសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សរុបចំនួន ៨៥ នាក់ ក្នុងនោះរួមមានះ។”
ជំនួយឧបត្ថម្ភពីសប្បុរសជនតាមរយៈ មូលនិធិអប់រំកុមារ ជូនមណ្ឌលកុមារកំព្រាព្រៃជុំ នាពេលនោះ រួមមាន៖ កង់ ចំនួន ៩ គ្រឿង អង្ករ ចំនួន ១០ បាវ (៥០គក/បាវ) កាតាប ៥០ សៀវភៅសរសេរ ៣៥០ សៀវភៅអានភាសាអង់គ្លេស ប៊ិច ១០០ ខ្មៅដៃ ១០០ ជ័រលុប ១០០ ខោ អាវ សាប៊ូ ថ្នាំងដុសធ្មេញ ទឹកដោះគោ មី ទឹកត្រី ទឹកស៊ីអុីវ អំបិល ស្ករស ក្ងានពូជ ១គូ និងជូនថវិកាដល់លោកគ្រូវ អ្នកគ្រូ និងអ្នកថែទាំក្មេងៗ ចំនួន ១៦ នាក់ (១០$/នាក់) សរុបជាថវិការួម មានចំនួន ១០០០ ដុល្លារអាមេរិក ដែលជាថវិកាទទួលបានពីសប្បុរសជននានា។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ និងសប្បុជន ក៏បានចុះពិនិត្យស្វែងយល់បន្ថែមពី ទិដ្ឋភាពអគារសិក្សា បន្ទប់រៀន បណ្ណាល័យ អគារស្នាក់នៅ ផ្ទះបាយ និងប្រព័ន្ធចម្រោះទឹកស្អាត ក្នុងបរិវេន មណ្ឌលកុមារកំព្រាព្រៃជុំ ផងដែរ។
សូមបញ្ជាក់ថា មណ្ឌលកុមារកំព្រាព្រៃជុំ នៃសមាគមក្តីសង្ឃឹមជនរបស់ក្រីក្រ បានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដោយទទួលស្គាល់ពីក្រសួងមហាផ្ទៃនាឆ្នាំ២០០៧ ក្នុងបេសកកម្មជួយសង្គ្រោះកុមារ កុមារកំព្រា កុមាររងគ្រោះ និងកុមារមានជីវភាពខ្វះខាត ដោយផ្តល់នូវលក្ខខណ្ឌរស់នៅសមរម្យ ការអប់រំ និងជំនាញចាំបាច់ប្រកបដោយសន្តិភាពតាមរយះគាំទ្រដ៏សប្បុរស ។ សព្វថ្ងៃ មានក្មេងរស់នៅមណ្ឌល ចំនួនសរុប ៦៥ នាក់ (ស្រី ២៣នាក់) ។ មណ្ឌលនេះមានសកម្មភាពជួយគាំពារដល់កុមារកំព្រា និងជនក្រីក្រ ព្រមទាំងបានបង្រៀនភាសាខ្មែរ អង់គ្លេស ចិន សិល្បះ កីឡា និងកុំព្យូទ័រដល់កូនៗក្នុងមណ្ឌល និងកូនប្រជាពលរដ្ឋរស់នៅជុំវិញមណ្ឌល បានជាង ១៧៤ នាក់ ជារៀងរាល់ថ្ងៃ។
មូលនិធិអប់រំកុមារ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សា កុំឱ្យពួកគាត់បោះបង់ការសិក្សា។ បេសកកម្មរបស់មូលនិធិអប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះលទ្ធភាពសិក្សាពិតប្រាកដ ៕

















