លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យក្រុមហ៊ុនលំដាប់អន្តរជាតិ ADATA ឱ្យពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុននេះ អះអាងថា ខ្លួននឹងសិក្សាឱ្យបានលម្អិត ដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
នេះបើយោងតាមជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Simon Chen នាយកប្រតិបត្តិក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះក្រុមហ៊ុន ADATA Technology ដែលបាន មកកម្ពុជាដើម្បីស្វែងយល់អំពីសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនទៅវិនិយោគិន ពិសេសការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគ សំដៅជំរុញភាពជោគជ័យនៃធុរកិច្ចនៅកម្ពុជា។
លោកក៏បាន ជម្រាបជូនដល់វិស័យឯកជនអំពីទិដ្ឋភាពទូទៅដែលកម្ពុជាអាចផ្ដល់ជូនវិនិយោគិននូវភាពប្រមើលមើលបាននៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាកម្រិតទាប មានកំណើនសេដ្ឋកិច្ចជាមធ្យម៧%មុនស្ថានភាពកូវីដ១៩ មានកម្លាំងពលកម្មវ័យក្មេង មានទីផ្សារធំទូលាយបើកចំហរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគី ពហុភាគី និងតំបន់ មានរដ្ឋាភិបាលគាំទ្រដល់ធុរកិច្ច ពិសេសមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេសដើម្បីគាំទ្រដំណឹកជញ្ជូននិងភស្ដុភារកម្មរបស់វិស័យឯកជនផងដែរ។
តាមរយៈកិច្ចប្រជុំនេះដែរ លោក ក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យា ឬវិស័យសក្ដានុពលផ្សេងទៀតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក Simon Chen នាយកប្រតិបត្តិក្រុមហ៊ុន ADATA Technology Co., Ltd. បានថ្លែងអំណរគុណលោក ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីជម្រាបជូនក្រុមហ៊ុនអំពីសក្ដានុពលរបស់កម្ពុជា ខណៈលោកថាក្រុមហ៊ុន ADATA Technology នឹងសិក្សាលម្អិតក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ADATA Technology Co., Ltd បានបង្កើតនៅឆ្នាំ២០០១នៅកោះតៃវ៉ាន់ ជាមួយនឹងការបណ្តាក់ទុនប្រមាណជា៩៤,៥ លានដុល្លារអាម៉េរិក និងមានរោងចក្រធំៗនៅខេត្តស៊ូចូវ ប្រទេសចិន និងមានបណ្តាញនៅប្រទេសប្រេស៊ីលថែមទៀតផង។ បច្ចុប្បន្នក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតបន្ទះឈីប (DRAM) និង SSD ធំជាងគេនៅទ្វីបបអាស៊ី និងបានឈរនៅលំដាប់លេខ២នៅទូទាំងពិភពលោក ក្នុងតម្លៃទីផ្សារប្រមាណជាង ៩៤៥លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ ៖ រង្សី