កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ឈ្មោះ គី បញ្ញាសក្ដិ ដែលជាសិស្សរៀនថ្នាក់ទី៨ នៃសាលា Eastwest International School បានបញ្ចេញសមត្ថភាពចូលប្រឡងក្នុងកម្មវិធីប្រកួតលំដាប់អន្តរជាតិ វិទ្យាសាស្ត្រអូឡាំព្យាដ ២០២៤ (Vanda International Science Olympiad 2024) ទទួលបានជ័យលាភីមេដាយមាស ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមសិស្សដែលដាក់ពាក្យប្រឡងនៅប្រទេសកម្ពុជា និងចំណាត់ថ្នាក់ទី៥៧ ទូទាំងពិភពលោក។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា៖ “កូនប្រុស គី បញ្ញាសក្ដិ ទទួលបានចំណាត់ថ្នាក់ចំនួនពីរ ពីការប្រឡងវិទ្យាសាស្រ្ដ វ៉ាន់ដា អូឡាំព្យាដ ២០២៤ គឺទទួលបានចំណាត់លេខ១ ពីការប្រឡងកម្រិតប្រទេស និងទទួលបានចំណាត់ថ្នាក់លេខ៥៧ ពីការប្រឡងទូទាំងពិភពលោក។”
កម្មវិធីប្រឡងតេស្តសមត្ថភាព វិទ្យាសាស្ត្រអូឡាំព្យាដ ឆ្នាំ២០២៤ រៀបចំឡើងជា ២វគ្គ ។ វគ្គទី១ គឺបេក្ខជន ប្រឡងតាមអនឡាញ (Zoom) ដែលប្រព្រឹត្តិទៅ កាលពីថ្ងៃទី០១ ខែមិថុនា និងវគ្គទី២ ការប្រឡងផ្ទាល់ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលា Singapore Cambodia International Academy (SCIA) ។
សូមជម្រាបជូនថា Vanda International Science Olympiad គឺជាកម្មវិធីដែលគេធ្វើឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ កម្មវិធីនេះ សង្កត់ធ្ងន់លើសមត្ថភាពរបស់សិស្សក្នុងការគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីស្វែងរកព័ត៌មានលាក់កំបាំង ដែលនឹងជួយពួកគេឆ្លើយសំណួរ។ កម្មវិធីនេះរៀបចំឡើងសម្រាប់ កុមារចាប់ពីថ្នាក់ទី៣ ដល់ទី១១ ដោយប្រឡងប្រជែងផ្អែកលើកម្មវិធីសិក្សាវិទ្យាសាស្រ្ដរបស់សាលាសិង្ហបុរី និងសង្កត់ធ្ងន់លើជំនាញនៃការគិតលំដាប់ខ្ពស់៕






