ភ្នំពេញ៖ ជប៉ុន គឺជាប្រទេសគម្រូមួយនៅលើពិភពលោក ទៅលើការគ្រប់គ្រងប្រព័ន្ធបរិស្ថាន ហើយថ្មីៗនេះ មជ្ឍមណ្ឌលសហប្រតិបត្តការបរិស្ថាន OECCរបស់ជប៉ុន បានសហការជាមួយក្រសួងបរិស្ថានកម្ពុជា ដើម្បីអនុវត្តលើគម្រោងសាកល្បងស្ដីពីការលើកកម្ពស់តម្លាភាពក្នុងវិស័យសំណល់រាវឧស្សាហកម្ម។ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលត្រូវបានជ្រើសរើស ក្នុងការសាកល្បងលើគម្រោងនេះ ព្រោះតែ OECC ជឿជាក់ថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតភេសជ្ជៈនៅកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អនុវត្ត និងគោរពទៅតាមគោលការបរិស្ថានរបស់ក្រសួងបរិស្ថានយ៉ាង ជាក់លាក់បំផុត និងស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងគម្រោងសាកល្បងនេះដែរ ខ្មែរ ប៊ែវើរីជីស បានសហការជាមួយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយយុទ្ធសាស្រ្ត និងអ្នកបច្ចេកទេសរបស់ OECC ដើម្បីពិភាក្សា និងរៀបចំនូវប្រព័ន្ធគណនាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយស្វ័យប្រវត្តិ និងផ្ដល់ព័ត៌មាន និងទិន្នន័យ CoD និង BoD ។ ខ្មែរ ប៊ែវើរីជីស ក៏បានអនុញ្ញាតឱ្យបុគ្គលិកជំនាញរបស់ខ្លួនចូលរួមសិក្ខាសាលាក្នុងការអនុវត្តគម្រោងសាកល្បងស្ដីពីការលើកកម្ពស់តម្លាភាពក្នុងវិស័យសំណល់រាវឧស្សហកម្ម ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកអំពីការរៀបចំរបាយការណ៍បញ្ចេញឧស្ម័នផ្ទះកញ្ចក់ចេញពីអាងប្រព្រឹត្តកម្មទឹកកខ្វក់។
លើសពីនេះ ក្រុមហ៊ុនក៏បានអនុញ្ញាតឱ្យនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងក្រុមការងារ OECC ធ្វើទស្សនកិច្ចដោយផ្ទាល់ដល់រោងចក្រស្តង់ដារពិភពលោករបស់ ខ្មែរ ប៊ែវើរីជីស ដើម្បីស្វែងយល់បន្ថែមអំពីការគ្រប់គ្រងប្រព័ន្ធតាមដាន និងការត្រួតពិនិត្យសំណល់ទឹកកខ្វក់ចេញពីអាងប្រពឹត្តិកម្មរបស់ ខ្មែរ ប៊ែវើរីជីស និងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាព និងចាត់បុគ្គលិកជំនាញតំណាងក្រុមហ៊ុន ជាជនបង្គោលសម្រាប់សម្របសម្រួលក្នុងការអនុវត្តគម្រោងសាកល្បងនេះ៕



