សម្តេចធិបតី៖ ការពង្រឹងសមត្ថភាពគ្រូ គឺជាស្នូលពិតប្រាកដនៃការកសាងធនធានមនុស្សកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានតែការពង្រឹងសមត្ថភាពគ្រូ ប៉ុណ្ណោះទេ ទើបគឺជាស្នូលពិតប្រាកដនៃការកសាងធនធានមនុស្ស ពិសេសជំរុញដល់ការអភិវឌ្ឍន៍វិស័យអប់រំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ” កាលព្រឹកថ្ងៃទី៤ កក្កដា ២០២៤។

នាឱកាសនោះ សម្តេចធិបតី ឱ្យដឹងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។ ហេតុនេះ ការកសាងសមត្ថភាពគ្រូ គឺជាគ្រឹះដល់សំខាន់ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវគិតគូរ និងសហការគ្នា ដើម្បីអនុវត្តន៍ឱ្យខានតែបាន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ មានការត្រៀមឯកសារ និងការស្រាវជ្រាវបន្ថែមទៀត សម្រាប់សិស្ស និស្សិតរបស់ខ្លួន ខណៈសម័យគេដល់អេអាយហើយ យើងទើបតែចាប់ផ្តើមកុំព្យូទ័រនោះ។

ក្រៅពីនេះ សម្តេចធិបតី បានអះអាងទៀតថា អ្វីគ្រប់យ៉ាងរបស់រាជរដ្ឋាភិបាលដែលបានធ្វើ និងកសាងទាំងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធកន្លងមកនេះ គឺដើម្បីបង្កើតឱកាសប៉ុណ្ណោះ សម្រេចគោលដៅទៅថ្ងៃខាងមុខ គឺអាស្រ័យលើតួអង្គខ្លួនឯង។

ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ទៀតថា ឆ្អឹងខ្នងរបស់វិស័យអប់រំ គឺជាគ្រូ ដូច្នេះ គ្រូត្រូវតែខ្លាំង និងត្រូវតែពង្រឹងបន្ថែមទៀត ដោយត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំនោះ៕ អត្ថបទ៖ រង្សី​