តំណាងក្រុមហ៊ុន LEE LI Holdings ដែលជាក្រុមហ៊ុនឯកជនមួយរបស់ប្រទេសកាណាដា បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ និងពិភាក្សាការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលចំនួន៥។
នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោកស្រី Hunter Lam តំណាងក្រុមហ៊ុន LEE LI Holdings និងលោក Michael Chan អភិបាលរងក្រុង Markham ប្រទេសកាណាដា ជាមួយលោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ លោកស្រី Hunter Lam តំណាងក្រុមហ៊ុនកាណាដា បានស្នើសុំការអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនមកធ្វើការសិក្សាលម្អិតប្រព័ន្ធសុខាភិបាល សិក្សាលទ្ធភាព និងពិនិត្យរកឱកាសវិនិយោគលើវិស័យសុខាភិបាល នៅពេលខាងមុខ។
លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រសួង ដែលបានផ្តល់ឱកាសឱ្យគណៈប្រតិភូរបស់លោកស្រីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅក្នុងឱកាសបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ១. វិស័យឧស្ម័ន និងប្រេង២. វិស័យសុខាភិបាល.៣.មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ ៤. វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង ៥. វិស័យយានយន្ត។
ការឆ្លើយតប លោក ឡឹម តារា បានថ្លែងអំណរគុណ និងបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល គាំទ្រជំនួយពីដៃគូ និងសប្បុរសជន រួមទាំងការវិនិយោគពីផ្នែកឯកជន ដែលរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។លោក ក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលផងដែរ។
គួរបញ្ជាក់ដែរថា បើតាមលោកស្រីតំណាងក្រុមខាងលើ បានជម្រាបជូនអង្គប្រជុំថា កន្លងមកក្រុមហ៊ុនរបស់កាណាដាមួយនេះ មានបទពិសោធន៍វិនិយោគលើមន្ទីរពេទ្យឯកជន និងសហការវិនិយោគជាមួយមន្ទីរពេទ្យសាធារណៈរបស់រដ្ឋ លើផ្នែករូបភាពវេជ្ជសាស្ត្រដូចជា CT Scan, MRI, Ultrasound, Mammography, Laboratory equipment។ល។ នៅប្រទេសមួយចំនួនរួចមកហើយ៕ អត្ថបទ៖ រង្សី