លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ ដែលកម្មវិធីនេះ នឹងមានការចូលរួមពីអ្នកវិនិយោគបារាំង និងវិស័យឯកជន ចំនួន២៥០ រូប។
ការលើកឡើងរបស់ លោក ហ្សាក់ ប៉ឺឡេ នាពេលនេះ បានធ្វើឡើងនៅក្នុងជំនួបចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ លោកអគ្គរដ្ឋទូតបារាំង បានលើកឡើងកំណើននៃទំហំសេដ្ឋកិច្ចកម្ពុជា-បារាំង ដែលក្នុងនោះការវិនិយោគ របស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ក៏កាន់តែច្រើនឡើងជាលំដាប់។
លោកបន្តថា៖« នៅសប្តាហ៍ក្រោយ ស្ថានទូតបារាំង សហការជាមួយភាគីកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនឹងមានការចូលរួមពីអ្នកវិនិយោគបារាំង វិស័យ ឯកជន ចំនួន២៥០ រូប។សម្តេចធិបតី នាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីវេទិកាធុរកិច្ចនេះ អមជាមួយការធ្វើបទអន្តរាគមន៍ពីរដ្ឋមន្រ្តីចំនួន ៧ រូប នៃរដ្ឋាភិបាលកម្ពុជាដែលសុទ្ធតែចេះនិយាយភាសាបារាំង»។
ជាកិច្ចឆ្លើយតប សម្តេចតេជោប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន។ សម្តេច ក៏សូមស្វាគមន៍ និងអបអរសាទរដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ ដែលនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងឥស្សរជនកំពូលៗរបស់កម្ពុជាចូលរួម។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើ សម្តេចតេជោ និងឯកអគ្គរដ្ឋទូតបារាំង ក៏បានបញ្ជាក់សាជាថ្មីពីការបន្តកិច្ចសហប្រតិបត្តិការការទ្វេភាគី ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលមានវិស័យការទូតសភា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វប្បធម៌ អប់រំ ឌីជីថល និងយោធាជាដើម៕អត្ថបទ៖ រង្សី