លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងបាននឹងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករឈានទៅកាត់បន្ថយថ្លៃដើមផលិតកាន់តែទាប។

លោកថ្លែងបែបនេះ នៅក្នុងពេលទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB) កាលរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការរួមគ្នាកន្លងមក លើការអភិវឌ្ឍវិស័យកសិកម្ម ដែលបានផ្តល់ប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ថា៖« ក្រសួងបាននឹងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានានូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត ផលិតទៅតាមតម្រូវការទីផ្សារ ការដឹកនាំបែបទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដែលជាជំនួយការជិតស្និទ្ធរបស់កសិករ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ»។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី ក៏លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធកម្មកសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម។ហេតុនេះ លោកថា ដើម្បីសម្រេចការងារនេះបាន ក្រសួងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍនានា ទាំងក្នុងការងារបច្ចេកទេស និងជាពិសេសទុន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម។
គួរបញ្ជាក់ដែរថា កាលក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២ លានតោន ទៅកាន់គោលដៅចំនួន ៧៨ ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិដ៏សំខាន់។នេះបើយោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” កាលថ្ងៃទី១ កក្កដា ២០២៤៕ អត្ថបទ៖ រង្សី