៦ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹង នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមាន ទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។
CDC បានបន្តថា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។
គួរបញ្ជាក់ថា ទុនវិនិយោគតាមវិស័យក្នុងឆមាសទី១នេះ រួមមាន ឧស្សាហកម្មនាំមុខគេប្រមាណ៥៦,៥៩% ហេដ្ឋារចនាសម្ព័ន្ធ ២៣,១១% កសិកម្ម និងកសិឧស្សាហកម្ម ២,២១% ទេសចរណ៍ ១៨,៧%។
ដោយប្រភពទុនវិនិយោគកម្ពុជាស្ថិតលេខរៀងទី១ មានចំនួន៥០,១៥% ប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% សិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩% និងប្រទេសផ្សេងៗទៀត។
ចំណែកគម្រោងវិនិយោគនៅតាមបណ្តារាជធានី ខេត្ត រួមមាន កំពង់ស្ពឺមាន៤៣គម្រោង ,ស្វាយរៀង ៤០គម្រោង, ភ្នំពេញ២៧គម្រោង, ព្រះសីហនុ ២៤គម្រោង, តាកែវ ១៩គម្រោង, កណ្តាល ១៦គម្រោង, កំពង់ឆ្នាំង៧គម្រោង, កំពង់ចាម ៥គម្រោង, កោះកុង ៣គម្រោង, កំពត២គម្រោង, ស្ទឹងត្រែង ២គម្រោង, ត្បូងឃ្មុំ១គម្រោង, ព្រះវិហារចំនួន១គម្រោង៕