ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអបអរសាទរ ខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយគិតចាប់ពី ថ្ងៃ៨ ខែកក្កដា ២០១៧ រហូតដល់ថ្ងៃទី៨ ខែកក្កដា ២០២៤នេះ គឺមានរយៈពេល៧ឆ្នាំហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារនៅលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី៨ ខែកក្កដា ២០២៤នេះថា តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សម្តេចធិបតី បន្តថា៖« តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ)»។
សូមរម្លឹកដែរថា កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ជាថ្មីម្តងទៀត ឆ្លៀតឱកាសនេះដែរ សម្តេចធិបតី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជាឱ្យបានគង់វង្ស ព្រោះជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕ អត្ថបទ៖ រង្សី