សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយបារាំងឱ្យកាន់តែខ្លាំងថែមទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីបានបន្តកើនដល់ជាង៥០០លានដុល្លារ កាលពីឆ្នាំ២០២៣។
ថ្លែងក្នុងពិធី “បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង” នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ កក្កដា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមអឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាងប្រាំរយលានដុល្លារអាមេរិក។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្ថែមថា បានលើកឡើងទៀតថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងជួយសម្របសម្រួលនីតិវិធីនានាជូនដល់វិនិយោគិនទាំងអស់ ព្រមទាំងវិនិយោគិនបារាំង ដើម្បីផ្តល់ទំនុកចិត្តដល់ការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរំពឹងផងដែរថា ធុរជនបារាំងនឹងមើលឃើញនូវកាលានុវត្តភាពកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរបានបើកវេទិកាធុរ កិច្ចកម្ពុជា-បារាំងលើកទី២នេះ។
គួរបញ្ជាក់ដែរថា បើតាមលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្មវិធីវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានការចូលរួមពីអ្នកវិនិយោគបារាំង និងវិស័យឯកជនប្រមាណជាង ២៥០ នាក់ផងដែរ៕ អត្ថបទ៖ រង្សី