កម្ពុជា និងប្រទេសបីទៀតក្នុងតំបន់អាស៊ាន កំពុងជំរុញកសិករឱ្យធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសបីទៀតនៅអាស៊ាន កំពុងជំរុញកសិករឱ្យងាកមកធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ដែលជាប្រព័ន្ធកសិកម្មបែបថ្មីនេះ នឹងជួយឱ្យដីកាន់តែមានគុណភាពល្អ រក្សាទិន្នផលដំណាំ និងមិនពឹងផ្អែកតែលើទីផ្សារដំណាំមួយមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានស្តីពី ការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង កាលចុងសប្តាហ៍ លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលកម្មវិធីបណ្ដាញកសិអេកូឡូស៊ីនៃអង្គការGret បានឱ្យដឹងថា បណ្តាញកសិកអេកូឡូស៊ី (ALISEA) គឺជាបណ្តាញដែលចូលរួមពីសហភាគីពាក់ព័ន្ធចំរុះ ដូចជាវិស័យឯកជន រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងអង្គការកសិករ។

លោកបន្តថា បណ្តាញនេះ បង្កើតឡើងនៅក្នុងទិសដៅផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹងអំពីការអនុវត្តកសិអេកូឡូស៊ី ឱ្យបានកាន់តែទូលំទូលាយដែលធ្វើឱ្យប្រព័ន្ធផលិតកម្ម នៅកម្ពុជាមាននិរន្តភាពជាងមុន អាហារកាន់តែមានសុវត្ថិភាពដល់បរិភោគ និងធានាដល់បរិស្ថានល្អ​ថែមទៀត។

លោកបន្តថា៖« បណ្តាញ ALISEA ថ្នាក់តំបន់អាស៊ាន គឺមានចំនួន៤ ប្រទេស រួមមាន៖ កម្ពុជា ឡាវ វៀតណាម និងភូមា ដែលមានសមាជិក សរុប ២៣៨ ស្ថាប័ន ខណៈបច្ចុប្បន្នបណ្តាញ ALiSEA នៅកម្ពុជា មានសមាជិកប្រមាណ៧៧ស្ថាប័ន បានសហការជាមួយកាស៊ីក ដើម្បីគាំទ្រដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ីនៅកម្ពុជា»។

លោកបានបញ្ជាក់ទៀតថា ការអនុវត្តកម្មវិធីកសិអេកូឡូស៊ី នៅកម្ពុជា និងប្រទេសទាំង៣ខាងលើ គឺក្រោមជំនួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) សហភាពអឺរ៉ុប(EU), និងមូលនិធិបារាំងសម្រាប់បរិស្ថានសកល(FFEM)។

ទន្ទឹមគ្នានេះ លោក សូម៉ែន ហ្គីយ៉ូម (JUMEL Guillaume) នាយកប្រតិបតិ្តនៃអង្គការ សមាគមន៍និរន្ដរភាពដីដើម្បីជីវិត (SSLA) បានឱ្យដឹងថា បច្ចុប្បន្នសមាគមន៍លោកកំពុងអនុវត្តន៍គម្រោងកសិអេកូឡូស៊ីនៅក្នុងខេត្តបាត់ដំបង ដោយផ្តោតលើស្រុកចំនួន៣ គឺស្រុកបាណន ស្រុកសង្កែ និងស្រុកឯកភ្នំ ជាមួយកសិករក្រុមគោលដៅប្រមាណជាង១០០នាក់។

លោកបន្តថា ក្រោយពីកសិករធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ឃើញថា កសិករដែលធ្លាប់ធ្វើការកសិកម្មដោយប្រាស់ថ្នាំគីមី បានផ្លាស់ប្តូរមករកសិកម្មបែបសរីរាង្គវិញ ហើយអនុវត្តន៍ជាប្រព័ន្ធកសិកម្មចម្រុះ មានទាំងដាំបន្លែ ដំណាំឈើហូបផ្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងផលិតជីធម្មជាតិ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងលក់ទៅកាន់ទីផ្សារថែមទៀត។

សូមបញ្ជាក់ដែរថា ដើម្បីជំរុញ និងពង្រីកការអនុវត្តន៍កសិអេកូឡូស៊ីកាន់តែទូលាយ នៅឆ្នាំ២០២៤នេះ បណ្តាញកសិអេកូឡូស៊ីនៅកម្ពុជា បានប្តេជ្ញានឹងបន្តសហការជាមួយបណ្តាញអ្នកសារព័ត៌មាន ជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ បង្កើនការចង់ក្រងឯកសារស្រាវជ្រាវពីបច្ចេកទេសកសិកម្មជូនកសិករ ពង្រឹងសមត្ថភាពជូនគ្រប់ភាគីពាក់ព័ន្ធ និងបង្កើតវេទិការអ្នកប្រើប្រាស់ឱ្យស្វែងយល់ពីការអនុវត្តន៍កសិអេកូឡូស៊ីឱ្យកាន់តែទូលាយ សំដៅគាំទ្រផលិតផលក្នុងស្រុក ពិសេសលើកទឹកចិត្តដល់ប្រជាកសិករផ្ទាល់៕ អត្ថបទ៖ រង្សី