កម្ពុជា-បារាំង បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីរួមគ្នាជំរុញកិច្ចប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យសហគ្រាស ព្រមទាំងជំរុញការគាំទ្រលើផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលផងដែរ។
អនុស្សរណៈយោគយល់គ្នា (MoU) បានធ្វើនៅក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា មានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់ ដែលមកពីបណ្តាក្រុមហ៊ុនធំៗចំនួន ១៤៦ ក្រុមហ៊ុន ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។
MoU នេះ គឺបានធ្វើឡើងលើឯកសារសំខាន់ៗចំនួន២ ដោយទី១ MoU រវាងភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយភាសាបារាំង។
ចំនែកឯ MoU មួយទៀត គឺធ្វើឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការគាំទ្រផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល។
ថ្លែងក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់។
ជាក់ស្តែងសម្តេចថា នៅឆ្នាំ២០២៣កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទំហំទឹកប្រាក់ ៥១៥.២១ លានដុល្លារអាមេរិក និង ២០៦.៤១ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤។
សម្តេចបន្ថែមថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា៕