បច្ចុប្បន្ន ក្រុមហ៊ុនហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ដូចជាផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារជាដើម ខណៈអ្នកវិនិយោគហ្វីលីពីន ក៏កំពុងសម្លឹងមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យមួយចំនួនទៀតផងដែរ។

នេះបើតាមការលើកឡើងរបស់លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោកស្រីអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកស្រីនឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។
លោកស្រី បន្តថា នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្នគឺមានក្រុមហ៊ុនហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា លើផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ។ លើសពីនេះទៅទៀត អ្នកវិនិយោគហ្វីលីពីន កំពុងសម្លឹងមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែម លើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម។

ជាការឆ្លើយតប សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងហ្វីលីពីន សម្រេចបាន ដោយផ្អែកលើជំនឿទុកចិត្តគ្នាទៅវិញទៅមក តាំងពីអតីតកាលមក។ សម្តេច មានមោទនភាពដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំ។
ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានធ្វើការកត់សម្គាល់ថាយើងមានសក្តានុពលច្រើនដែលត្រូវពិនិត្យរួមគ្នាប្រើប្រាស់ដើម្បីផលប្រយោជន៍និងការរីកចម្រើននៃប្រទេសទាំងពីរ។លើសពីនេះ សម្តេច បានស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា ដោយសម្ដេចបានផ្ដល់អនុសាសន៍ថាហ្វីលីពីនគួរតែពិនិត្យនិងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន ១០០% នៅកម្ពុជា រៀបចំជាយន្តការប្រមូលទិញស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជានៅទៅកាន់បណ្ដាប្រទេសផ្សេងទៀត៕
